1. ករណីមិនធានាសម្រាប់អត្ថប្រយោជន៍លើមរណភាព
ការទទួលខុសត្រូវរបស់ក្រុមហ៊ុន មានកំណត់ត្រឹមតម្លៃសាច់ប្រាក់ពេលបោះបង់បណ្ណសន្យារ៉ាប់រង ដកបំណុលដែលមានក្នុងបណ្ណសន្យារ៉ាប់រងនេះ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយសារ៖
- ការធ្វើអត្តឃាត ការធ្វើឲ្យរបួសខ្លួនឯង ទោះបីស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតី កំឡុងពេល 2 (ពីរ) ឆ្នាំចាប់ពីថ្ងៃចេញបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាន ដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ
- ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ ដោយអ្នក ឬដោយអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
- វីរុសហ៊ីវ និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ រួមទាំងជំងឺអេដស៍ និង/ឬការផ្លាស់ប្តូរ ការវិវឌ្ឍន៍ ឬការប្រែប្រួលនៃមេរោគអេដស៍ និង/ឬជំងឺដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ រួមទាំងជំងឺអេដស៍ ឬ
- ការប្រើប្រាស់គ្រឿងញៀន ឬថ្នាំសប្បាយ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញតិ្តជាធរមាន ដូចជា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។ល។
2. ករណីមិនធានាសម្រាប់អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
ក្រុមហ៊ុននឹងមិនធានាលើពិការភាព ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែកណាមួយ ពីករណីណាមួយខាងក្រោមនេះ៖
- ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬប៉ុនប៉ងធ្វើបាបខ្លួនឯងដោយចេតនា ឬធ្វើឲ្យរបួសខ្លួនឯងទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- ការចូលបម្រើក្នុងជួរកងទ័ព ក្នុងកំឡុងពេលមានប្រកាស ឬគ្មានប្រកាសសង្រ្គាមក្តី ឬក្រោមបញ្ជាប្រតិបត្តិការសង្គ្រាម ឬការស្ដារសណ្តាប់ធ្នាប់សាធារណៈ ឬ
- ការធ្វើដំណើរចូល ការចាកចេញ ការធ្វើប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីសមាជិកអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរធម្មតា ឬសមាជិកអ្នកបម្រើលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ណាមួយ ដែលធ្វើការជាប្រចាំតាមកាលវិភាគនៃអ្នកធ្វើដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ និងតាមគន្លងផ្លូវអាកាសសម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស ឬ
- ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីបញ្ហាផ្លូវកាយ ឬផ្លូវចិត្ត ដែលកើតមានមុនកាលបរិច្ឆេទសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រង ហើយដែលមិនបានបង្ហាញក្នុងពាក្យស្នើសុំ ឬរបាយការណ៍សុខភាព ឬ
- ការប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌ ប្រព្រឹត្ត ឬប៉ុនប៉ងនឹងប្រព្រឹត្ត ដោយ អ្នកឬដោយសមាជិកអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
- ការប្រើប្រាស់គ្រឿងញៀន ឬថ្នាំសប្បាយ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញតិ្តជាធរមាន ដូចជា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។ល។
3. ករណីមិនធានាពាក់ព័ន្ធនឹងទណ្ឌកម្មអន្តរជាតិ
- ក្រុមហ៊ុនអាចលុបចោលបណ្ណសន្យារ៉ាប់រងនេះនៅពេលណាមួយក៏បាន (ដោយការលុបចោលសុពលភាពគិតចាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង ឬផ្សេងពីនេះ) តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅម្ចាស់បណ្ណសន្យារ៉ាប់រង ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រង ឬបុគ្គល ឬអង្គភាពណាមួយដែលពាក់ព័ន្ធនៅក្នុងបណ្ណសន្យារ៉ាប់រងនេះ តាមការយល់ឃើញរបស់ក្រុមហ៊ុន ត្រូវបានរកឃើញថាបានបង្ក ឬអាចនឹងបង្កហានិភ័យផ្នែកទណ្ឌកម្ម ការហាមប្រាម ឬការរឹតបន្តឹងមកដល់ក្រុមហ៊ុនតាមរយៈសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ឬការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច/ពាណិជ្ជកម្ម លិខិតបទដ្ឋានគតិយុត្តិរបស់សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ឬសហរដ្ឋអាមេរិក ឬតាមការអនុវត្តច្បាប់ ឬបទបញ្ញត្តិផ្សេងៗស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬពាណិជ្ជកម្ម។ ក្រុមហ៊ុននឹងមិនធ្វើប្រតិបត្តិការអាជីវកម្មជាមួយម្ចាស់បណ្ណសន្យារ៉ាប់រងពាក់ព័ន្ធនឹងបណ្ណសន្យារ៉ាប់រងនេះនោះទេ ដោយរួមបញ្ចូលទាំង និងមិនកំណត់ត្រឹមតែការផ្តល់ ឬទទួលទូទាត់ទឹកប្រាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។
- ដោយមិនមានការប៉ះពាល់ដល់សុពលភាពកថាខណ្ឌ (i) ខាងលើនៃប្រការនេះទេ បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវចាត់ទុកថា មិនត្រូវផ្តល់ការធានាណាមួយទ្បើយ ហើយក្រុមហ៊ុនក៏មិនទទួលខុសត្រូវក្នុងការទូទាត់សំណង ឬផ្តល់អត្ថប្រយោជន៍ផ្សេងៗ ក្នុងទំហំដែលការផ្តល់ការការពារ ការទូទាត់សំណង ឬការផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗទាំងនោះ អាចនាំឲ្យក្រុមហ៊ុនប្រឈមមុខនឹងហានិភ័យនានាពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម ការហាមប្រាម ឬការរឹតបន្តឹងក្រោមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬពាណិជ្ជកម្ម លិខិតបទដ្ឋានគតិយុត្តិរបស់សហភាពអឺរ៉ុប ឬចក្រភពអង់គ្លេស ឬសហរដ្ឋអាមេរិក ឬការអនុវត្តច្បាប់ ឬបទបញ្ញត្តិផ្សេងៗស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬពាណិជ្ជកម្ម។
- ជាកាតព្វកិច្ចដែលត្រូវអនុវត្តបន្តជាប្រចាំ ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវជូនដំណឹងជាបន្ទាន់ទៅកាន់ក្រុមហ៊ុន ប្រសិនបើមានករណីផ្លាស់ប្តូរអត្តសញ្ញាណ ស្ថានភាព (មុខដំណែង) លក្ខន្តិកៈ (ក្នុងករណីជាក្រុមហ៊ុន) ក្រុមហ៊ុនពាក់ព័ន្ធនឹងម្ចាស់បណ្ណសន្យារ៉ាប់រងក្រោមខ្លឹមសារនៃបណ្ណសន្យារ៉ាប់រងនេះ ព័ត៌មានលម្អិត និងឯកសារអត្តសញ្ញាណកម្មរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬបុគ្គល ឬអង្គភាពនានាដែលពាក់ព័ន្ចនឹងបណ្ណសន្យារ៉ាប់រងនេះ។